របត់នយោបាយទំនាក់ទំនងកម្ពុជា-ចិន

របត់នយោបាយទំនាក់ទំនងកម្ពុជា-ចិន

            កាលណានិយាយពីនយោបាយការបរទេសចិនចំពោះអាស៊ាន ជាពិសេសកម្ពុជា គ្រប់គ្នាសុទ្ធតែមើលឃើញថា  គោលដៅ​របស់​ចិន​​បច្ចុប្បន្ន​ គឺ​កាត់​បន្ថយ​ឥទ្ធិពល​របស់​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ នៅ​ក្នុង​ន័យ​នេះ ប៉េកាំង​បានចាត់​ទុក​អាស៊ាន​ជា​ចន្ទល់​ភូមិសាស្រ្ត​នយោបាយ​មួយ​ដ៏សំខាន់។ ប៉ុន្តែទំនាក់ទំនងចិន-អាស៊ាន មិនល្អដូចការចង់បានសោះឡើយ ជាពិសេសបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង។
 
នៅ​ក្នុង​ន័យ​បែបនេះ ​ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​ដែល​ថ្នាក់​ដឹក​នាំ​ជា​បន្ត​បន្ទាប់​នៅ​ប៉េកាំងធ្វើគឺ ចាត់​ទុក​មិត្តភាព​រវាង​ប្រទេស​ខ្លួន​និង​កម្ពុជា រវាង​ប្រទេស​ខ្លួន​និង​ឡាវ ព្រម​ទាំង​រវាង​ប្រទេស​ខ្លួន​និង​ភូមា​ថា​ជា​កត្តា​មួយ​ចាំបាច់​ជា​ទី​ បំផុត (សម្រាប់ឡាវ មិនតិចមិនច្រើន ឥទ្ធិពលរបស់វៀតណាមច្បាស់ជាមានកម្លាំងខ្លាំងជាង ដែលជាឧបសគ្គសម្រាប់ចិន ដោយឡែកភូមា អ្នកណាក៏ដឹងដែរថា មិត្តដ៏ល្អរបស់ចិនគឺរដ្ឋាភិបាលយោធាបច្ចុប្បន្ន តែចិនក្នុងចំណោមប្រជាជនភូមាប្រៀបដូចជាសត្រូវ)
 
            ដូច្នេះបំពង់តែមួយសម្រាប់ហូរចូលអាស៊ាន គឺកម្ពុជា ម្ល៉ោះ​ហើយ​បាន​ជា​ចិន​ពង្រឹង​សហប្រតិបត្តិការ​យោធា​ខ្លាំង​ឡើង​ជា​លំដាប់​ ជា​មួយ​កម្ពុជា នា​រយៈ​ចុង​ក្រោយ​នេះ តាម​រយៈ​ការ​ផ្តល់​មក​ឱ្យ​កម្ពុជា នូវ​បរិក្ខា​យោធា​និង​ជំនួយ​​បច្ចេកទេស​ជា​ច្រើន។ ដោយ​ឡែក អ្វី​ដែល​ជំរុញ​ចិន​ឱ្យ​ចាប់​យក​កម្ពុជា​មក​ធ្វើ​ជា​សម្ព័ន្ធមិត្ត​សំខាន់​ ជាង​គេ​បង្អស់​មួយ នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន គឺ​ភូមិសាស្រ្ត​នៃ​កម្ពុជា​តែ​ម្តង។ កម្ពុជា​ជា​ច្រក​មួយ​សំខាន់​បើក​ចំហរ​ទៅ​រក​ឈូង​សមុទ្រ​សៀម។

            ទន្ទឹម​នេះ កម្ពុជា​ទទួល​បាន​មិន​តិច​ទេនូវ​ផល​ប្រយោជន៍​ពី​ប្រទេស​ចិន។ ជា​បឋម​ប្រយោជន៍​សេដ្ឋកិច្ច ​គឺជំនួយតែម្ដង ទាំងជំនួយឥតសំណងនិងកម្ចីមានការប្រាក់ជាដើម។ គួរ​គូស​បញ្ជាក់​ត្រង់​នេះ​បន្តិច​ថា ជំនួយ​របស់
​ប៉េកាំង​​ ដល់​​ភ្នំពេញ​ក្នុង​សករាជ​រាជាណាចក្រ​កម្ពុជា​ទី​ពីរ មិនមែន​ទើប​តែ​ផ្តើម​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​លោក​ហ៊ុនសែន​ នោះ​ទេ។ វា​បាន​ចាប់​ផ្តើម​ឡើង តាំង​ពី​ឆ្នាំ​១៩៩៣-១៩៩៤​មក​ម្ល៉េះ គឺ​តាំង​ពី​សម័យ​កាល​ដែល​កម្ពុជា​ត្រូវ​បាន​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​ក្បាល​ ពីរ​ក្រោម​កិច្ច​សហការ​គ្រប់គ្រង​រដ្ឋ​រវាង​បក្ស​ប្រជាជន​កម្ពុជា​និង​បក្ស​ FUNCINPEC

            ទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសចិនអាចនឹងត្រូវបានកំណត់លក្ខណៈជាទំនាក់ទំនងបែប អ្នកឱ្យនិងអ្នកទទួល។ ទំនាក់ទំនងនេះ វាមិនស៊ីមេទ្រីនឹងគ្នាទាល់តែសោះ ដោយសារតែទំហំអធិបតេយ្យនិងអំណាចខាងសេដ្ឋកិច្ចរបស់ចិនវាធំពេក។ តាមការអះអាងរបស់អ្នកអ្នកវិភាគថា "ប្រទេសកម្ពុជាហាក់គ្មានអំណាចក្នុងទ្វេរភាគីនេះទាល់តែសោះ"។ ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា តួនាទីកម្ពុជានៅក្នុងវេទិការពហុភាគី និងទីតាំងភូមិសាស្រ្តចំបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍ ទាំងអស់នេះហើយដែលបានផ្ដល់ឱ្យកម្ពុជានូវសក្តានុពលដើម្បីជួយដល់ការខិតខំប្រឹងប្រែងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងជាការបោះជំហានការទូតនិងយុទ្ធសាស្ត្រធំជាងមុនរបស់ប្រទេសចិន»។ សរុបមក ប្រទេសកម្ពុជាបានបន្ថែមផលប្រយោជន៍ខាងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើន ក្នុងនាមជាអតិថិជនរបស់ចិន។ ដូចបានកត់សម្គាល់ដោយអ្នកជំនាញកម្ពុជា "ជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិន មានសារៈសំខាន់មិនត្រឹមតែ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានអនុវត្តដោយប្រាក់កម្ចីនិងជំនួយឥតសំណងរបស់ចិន បានជួយលើកមុខមាត់ឱ្យគណបក្សប្រជាជនកម្ពុជា "។

            ត្រឡប់ទៅវិញ កម្ពុជាផ្តល់នូវផលប្រយោជន៍ពាណិជ្ជកម្ម សេដ្ឋកិច្ច ដី និងធនធានធម្មជាតិ ហើយក៏បានផ្តល់នូវការគាំទ្រផ្នែកនយោបាយចំពោះប្រទេសចិនលើបញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិរួមទាំង ជម្លោះសមុទ្រចិនខាងត្បូងផងដែរ។ ជាទូទៅគេយល់ថា ទំនាក់ទំនងរបៀបនេះ «ក្នុងរយៈពេលខ្លី, ប្រទេសកម្ពុជា ពឹងផ្អែកលើចិនខាងសេដ្ឋកិច្ច ក្នុងខណៈដែលចិនត្រូវការកម្ពុជាខាងផ្នែកនយោបាយនិងយុទ្ធសាស្រ្ត»

            វត្តមានសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសចិនមានចំណុចបញ្ហាជាច្រើន។ ទាំងឥស្សរជននិងពលរដ្ឋកម្ពុជាសាមញ្ញ បានសម្តែងការព្រួយបារម្ភទៅលើកិច្ចព្រមព្រៀងគ្នានៅក្រៅឆាកនិងកង្វះតម្លាភាពនៅក្នុងកិច្ចទំនាក់ទំនង, អំពើពុករលួយ ការកាប់ឈើខុសច្បាប់ ការរុករករ៉ែមិនមានច្បាប់ទម្លាប់ និងការបណ្តេញចេញពីដីធ្លីដោយបង្ខំនូវដីធ្លីដែលបានផ្តល់សម្បទានដល់ចិន។ លើសពីនេះ ទំនាក់ទំនងបែប បរិបាល-អតិថិជន បានចាប់ផ្ដើមនូវលក្ខណៈជាអតិថិជន កាន់តែខ្លាំងឡើង ព្រោះឥស្សរជនកម្ពុជា បានពឹងផ្អែកលើជំនួយរបស់ចិនកាន់តែខ្លាំងឡើងហើយរដ្ឋាភិបាលកម្ពុជាក៏ យកចិត្តទុកដាក់គោលនយោបាយរបស់ចិនផងដែរ។

            ប្រទេស​ចិន​បាន​ប​ណ្តា​ក់​ទុន​នយោបាយ​និង​សេដ្ឋកិច្ច​ជា​ច្រើន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។ ទង្វើរបស់​ចិន​ផ្ដោតជា​ចម្បង​សម្រាប់​ហេតុផលសេដ្ឋ​កិច្ច ចិនស្វែង​រក​ការទទួលបាននូវ​ផលិតផល​កសិកម្ម​និង​ធនធាន​ធម្មជាតិ​ ដើម្បីបំពេញតាម​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័សនៃ​សេដ្ឋកិច្ច​របស់​ខ្លួន ​ហើយ​ចិនក៏​ស្វែង​រក​ការ​ពង្រីក​ទីផ្សារ​សម្រាប់​ទំនិញ​និង​សេវា​កម្ម​របស់​ចិនផងដែរ​។ ភាគច្រើន​នៃ​ជំនួយ​អភិវឌ្ឍន៍​និង​ការ​វិនិយោគ​របស់​ប្រទេស​ចិន​ផ្ដោតលើ​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​និង​ថាមពល​និង​ឧស្សាហកម្ម​និស្សារណកម្ម។ ប្រទេស​ចិន​ក៏​បាន​ប្រឹងប្រែងជំរុញ​ឱ្យ​មាន​សមាហរណកម្ម​បណ្ដាខេត្ត ​នៅ​ភាគ​ខាង​ត្បូងរបស់​ខ្លួនជាពិសេស ខេត្តយូណានចូលជាមួយ​អាស៊ាន។ ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​និង​ការ​វិនិយោគក៏​មាន​គោលដៅលើ ការ​បង្កើត​ប​ណ្តា​ញ​ដឹក​ជញ្ជូន​ពី​ភាគ​ខាង​ត្បូង​នៃប្រទេស​ចិន​ទៅ​កាន់​អាស៊ានផងដែរ។ ដូច្នេះ​យុទ្ធ​សា​ស្រ្ត​ទីតាំង​ភូមិសាស្ត្រ​ កម្ពុជាជាប្រទេសបន្តផ្ទេរពី​ឡាវ​ ក្នុងន័យនេះទាំងកម្ពុជានិងឡាវ បានក្លាយជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​គឺ​ជា​ការ​មាន​សារៈសំខាន់​ដ៏​សំខាន់​។

            ក្រៅពីសេដ្ឋកិច្ច ​ផលប្រយោជន៍​ខាងនយោបាយក៏ជាមូលហេតុសំខាន់ជំរុញឱ្យចិនលូកដៃចូលយ៉ាងជ្រៅក្នុងទំនាក់ទំនងទ្វេរភាគីនេះ​។ ចិន​ស្វែង​រក​ការ​អភិវឌ្ឍ​ទំនាក់ទំនង​មិត្ត​ភាព​ជាមួយ​​ប្រទេស​កម្ពុជា ​ដើម្បី​សុំ​ការ​គាំទ្រ​ចំពោះ​បញ្ហា​គោលនយោបាយ​សំខាន់មួយចំនួន​របស់​ទីក្រុង​ប៉េកាំង ដូចជានយោបាយចិនតែមួយជាដើម​។ យើងនៅចាំបានថា កាលរដ្ឋាភិបាលកម្ពុជាជំនាន់គណបក្សហ្វុនស៊ីនប៉ិចដឹកនាំ បានធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់ ដែលជាកោះមួយត្រូវបានចិនប្រកាសថាស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ខ្លួន។

            អាស៊ាន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​គោល​ន​យោ​បាយ​ការ​បរទេស​របស់​ប្រទេស​ចិន​។ កត្តា​នេះ​លើកតម្កើង​សារៈ​សំខាន់​នៃ​ប្រទេសកម្ពុជា​ក្នុង​ទំនាក់ទំនងពហុភាគី​។ វា​ជា​ស្ពាន​របស់​ប្រទេស​ចិន​ ក្នុងការសាង​ទំនាក់​ទំនង​ល្អ​ជាមួយបណ្ដាប្រទេសសមាជិក​អាស៊ាន​ ​ជា​បំពង់​សម្រាប់​ចិន​ក្នុងការផ្សាយឥទ្ធិពល​នយោបាយ​និង​សេដ្ឋកិច្ច​។ ដូចករណី ក្នុង​ឆ្នាំ 201​​2 នៅ​ពេល​ដែលកម្ពុជា​ជា​ប្រធាន​អាស៊ាន ​ប្រទេស​ចិន​អាច​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ចំពោះរដ្ឋាភិបាលក្រុងភ្នំពេញ​ រក្សាទុក​ការ​ពិភាក្សា​របស់​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។

            ​កម្ពុជា​បន្តស្វែងរក​គោល​ន​យោ​បាយ​​ចងសម្ព័ន្ធជិតស្និទ្ធជាមួយប្រទេសចិន​​ដើម្បី​ផល​ប្រយោជន៍​ខាងសេដ្ឋកិច្ច​ ទន្ទឺមនោះក៏​រក្សា​​នូវ​ទំនាក់ទំនង​នយោបាយ​ល្អ​​ផងដែរ ក្នុង​ការ​រំពឹង​នូវប្រព្រឹត្តកម្ម​នយោបាយ​ដ៏ល្អ​។ ក្រៅ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​ពី​សម្ព័ន្ធភាព​ជា​មួយ​ ចិន ក៏​មាន​ដែរ​ប្រយោជន៍​​ភូមិសាស្រ្ត​នយោបាយ។ និយាយ​បែប​ផ្សេង តាម​រយៈ​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​​នយោបាយ​និង​យោធា​ជាមួយ​ប៉េកាំង ភ្នំពេញ​បាន​និង​កំពុង​បន្ត​កាត់​បន្ថយ​ ឥទ្ធិពល​របស់​វៀតណាម​មក​លើ​ខ្លួន (ថ្មីៗនេះការក្រោកឡើងជជែកដេញដោលបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ក៏ត្រូវបានមើលឃើញថា ដោយសារកម្ពុជាមានបង្អែកដ៏ធំរបស់ខ្លួនគឺចិន)។ គោល​នយោបាយ​ក្រុង​ភ្នំពេញ​ បន្តធ្វើយ៉ាងណា​កាត់បន្ថយ​នូវ​ចំណុច​នៃ​ការ​ប៉ះទង្គិចជាមួយចិន។ ក្នុងករណីនេះអ្នកវិភាគជាច្រើនអះអាងថា  ប្រទេស​ឡាវ​ហាក់​ដូច​ជា​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក្សា​ស្វ័យភាព​របស់​ខ្លួន​ជាង​កម្ពុជា​ព្រោះ​តួនាទីខាងសេដ្ឋកិច្ចនិងទំនាក់ទំនងរឹងមាំ ជាមួយ​ថៃ​និង​​វៀ​ត​ណាម​ ខុសពី​កម្ពុជា​ ដែលមានវិវាទ​ជាមួយ​ប្រទេស​ថៃ​ ​ដោយសារ​ជម្លោះ​ព្រំ​ដែន​ ហើយដោយ​សារ​តែ​​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​វៀ​ត​ណាម​ គឺ​ជា​បញ្ហា​នយោបាយ​ក្នុង​ស្រុក​ដ៏ចម្រូង​ចម្រាស​ផងដែរ (ថ្វីត្បិតតែដូច្នេះ ក៏ចិននៅតែត្រូវការដៃរបស់កម្ពុជា)

            យ៉ាង​ណា​ក៏​ដោយ​ទំនាក់​ទំនង​ទ្វេ​ភាគី​របស់​ប្រទេស​ចិន​ជាមួយ​​កម្ពុជា​ មិន​មែនថាគ្មានបញ្ហាទេ។ កម្ពុជាមាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំងចំពោះប្រទេស​ចិន​ ដូច​​​ដែល​បាន​កត់សម្គាល់​ អ្នកវិភាគជាច្រើនមានការ​ព្រួយ​បារម្ភ​អំពី​តម្លាភាព​នៃ​កិច្ច​សន្យា​ពាណិជ្ជកម្ម​, ការ​សូកប៉ាន់​និង​អំពើពុករលួយ​, ការ​រិ​ច​រិល​បរិស្ថាន (ការ​កាប់​ឈើ​ខុស​ច្បាប់, ការ​រំលោភ​យក​ដី​, ការ​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​), ការត្រួតត្រា​របស់​ចិន​នៅក្នុង​ទីផ្សារ​ និង​ការ​តាំង​ទីលំនៅ​ដោយ​ខុស​ច្បាប់​របស់​ជនជាតិ​ដើម​ភាគតិច​ចិនជាដើម​។

            យើងឃើញថា មាន​កង​កម្លាំង​សំខាន់​ពីរ​ ដែល​កំណត់​រូបរាងនៃទំនាក់​ទំនង​របស់​ចិន​ជាមួយ​​កម្ពុជា​។ ទី១​,​កម្ពុជា​នឹង​អាច​បង្កើន​នូវស្វ័យភាព​របស់​ខ្លួន​តាម​រយៈ​ដំណើរ​ការ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​ដែល​កំពុង​ដំណើរ​ការ​។ ទីពីរ​, ការ​វិនិយោគ​ដ៏​ធំ​របស់​ប្រទេស​ចិន​ ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​នៅ​​កម្ពុជា​ នឹង​បង្កើតនូវ​​សន្ទុះ​ទ្រទ្រង់ខ្លួនឯងក្នុង​ការ​រក្សាទំនាក់​ទំនង​ទ្វេ​ភាគី​របស់​ខ្លួន​។ សន្ទុះ​នេះ​នឹង​ត្រូវ​បាន​ពង្រឹង​ដោយ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​ ដូច​ជា​ពួក​គេ​ធ្វើ​ការ​ដើម្បី​បង្កើន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន​និង​ប្រទេស​ចិន​។

              ក្រៅពី​ផល​ប្រយោជន៍​ទ្វេភាគី ​ទំនាក់ទំនង​ចាក់​ទឹក​មិន​លិច​រវាង​កម្ពុជា​ចិន​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​តែ​ស្ថិត​ក្នុង​បរិបទ​នៃ​នយោបាយ​ក្នុង​តំបន់​ និង​ពិភពលោក​ផង​ដែរ។ នៅ​ពេល​ដែល​ចិន​និង​សហរដ្ឋអាមេរិក​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​ក្នុង​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និយាយ​ជារួម​ និង​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍​និយាយ​ដោយ​ឡែក​ ទីក្រុង​ប៉េកាំង​ត្រូវ​ការ​ចាំបាច់​សម្ពន្ធ័មិត្ត​ជិត​ស្និទ្ធ​ដូច​ជា​ កម្ពុជា ​ខណៈ​ដែល​សមាជិក​អាស៊ាន​មួយចំនួន​ជាពិសេស​វៀតណាម​ និង​ហ្វីលីពីន​ជាដើម​មាន​និន្នាការ​ទៅរក​សហរដ្ឋអាមេរិក។​ ដូច្នេះ​ ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ឥទ្ធិពល​មហា​អំណាច​នៅ​ក្នុង​តំបន់​គឺជា​រឿង​ សំខាន់​មួយ។ ​ប៉ុន្តែ​គេគួរ​ចងចាំ​ថា​ ការ​ប្រកាន់​នយោបាយ​ផ្កាប់មុខ​ទៅរក​ម្ខាងៗ​មិន​មែន​ជា​នយោបាយ​ដ៏​ឆ្លាត​វៃ​ នោះ​ឡើយ។

 


Comments